ប្រាសាទព្រះធាតុទឹកឆា

ប្រាសាទព្រះធាតុទឹកឆាមានទីតាំងស្ថិតនៅភូមិថ្មដា ឃុំបឹងណាយ និងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ មានចម្ងាយ៣៩គ.ម ពីទីរួមខេត្តកំពង់ចាម ចូលពីផ្លូវជាតិ១៣គ.ម ត្រង់ភូមិក្រូច ត្រូវបែក ចេញពីផ្លូវខេត្តបត់ទៅស្តាំតាមផ្លូវសសៀរបណ្តោយប្រឡាយទឹក៥គ.ម ទើបដល់ប្រាសាទព្រះធាតុ ទឹកឆានេះ។ ប្រាសាទព្រះធាតុទឹកឆា កសាងឡើងក្នុងគ.ស ១០០៥ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១។ ការកសាងប្រាសាទនេះគឺរៀបចំដោយលោក ជង្ឃាល «ជាក់ងាក់ ឃាលៈ» ឬបណ្ឌិតលក្សិន្ទ្រ ដែល កន្លែងនោះហៅថាសិទ្ធិបុរ្យ។ នៅទីនោះមានប្រាសាទធំមួយដែលតម្កល់រូបលិង្គនៅចំកណ្តាល មាន ឈ្មោះថា ស្រីកទ្រេស្វរៈ និងទេវរូបពីរអមសងខាងដែលមួយមានឈ្មោះថា បរមេស្វរៈ និងមួយទៀត ឈ្មោះសរស្វតិ និងចំពីមុខមានគុហារមួយទៀតជាទេវស្ថានដែលមានទំហំតូច។
នៅក្នុងរមណីដ្ឋានព្រះធាតុទឹកឆា មានប្រាសាទតូចៗរហូតដល់៥៥១ ប្រាសាទទាំងនោះជា ប្រាសាទបែបពុទ្ធសាសនា និងព្រហ្មសាសនាផង។ ព្រះបាទសូរ្យវរ្ម័នទី១ ព្រះអង្គទ្រង់ប្រោសព្រះរាជា នុញ្ញាតិតាមការស្នើសុំ ព្រមទាំងប្រទាននូវទ្រព្យសម្បត្តិជាច្រើនទៀតដើម្បីជាមធ្យោបាយក្នុងការ កសាងនេះផង។ បណ្ឌិតជង្ឃាល ឬលក្សីន្ទ្របណ្ឌិត ចាប់ផ្តើមធ្វើកិច្ចការស្ថាបនានេះឡើងតាមកម្លាំង ព្រះរាជទ្រព្យ និងតាមប្រាជ្ញារបស់លោកក្នុងការបញ្ចុះបញ្ចូលរកជំនួយអំពីអ្នកស្រុក លុះត្រាតែបានរួច ស្រេចតាមគម្រោងដែលដាក់ថ្វាយព្រះរាជា។
នៅក្នុងប្រាសាទធំមានតំកល់រូបសិវលិង្គចំកណ្តាលសន្មតនាមថា ស្រីភទ្រេស្វរៈ និងទេវរូបពីរ អមសងខាងមួយមាននាមថា បរមេស្វរៈ មួយទៀតនាមសរស្វតិ។ នៅចំពីមុខទិសខាងកើតមានគុហារ មួយទៀតជាទេវស្ថាន មានទំហំតូចដែលសព្វថ្ងៃគេឃើញថ្មឆ្លាក់គរជាគំនរ កប់ក្នុងព្រៃក្បែរប្រឡាយ ទឹកជ្រោះមានតែស៊ុមទ្វារមួយនៅសល់គ្រាន់ជាការបង្ហាញហេតុតែប៉ុណ្ណោះ។
ស្ថាបត្យករបានចាត់ការជីកស្រះមួយយ៉ាងធំទូលាយ នៅចំហៀងខាងស្តាំប្រាសាទឲ្យឈ្មោះថា លក្សិន្រ្ទដាក ហើយប្រតិស្ថានលិង្គមាសមួយតំកល់នៅកណ្តាលស្រះផង។ នៅជុំវិញបរិវេណនេះ មានការរៀបចំជាស្រុកភូមិមួយយ៉ាងស្តុកស្តម្ភ ដោយប្រមូលអ្នកស្រុកជិតខាង ឲ្យមកនៅជួបជុំគ្នា ក្នុងសម័យនោះ ដូច្នេះបរិយាកាសក្រុងថ្មីនេះក៏មានសភាពកាន់តែអិកធិកឡើង។
ក្រោយពីការរៀបចំរួចហើយលក្សិន្រ្ទបណ្ឌិត បាននាំយកព័ត៌មាននោះទៅក្រាបបង្គំទូល ព្រះបាទសូរ្យវរ្ម័ន ព្រះអង្គទ្រង់យាងប្រារព្ធពិធីសម្ពោធទីកន្លែងនេះដ៏មហោឡារិកនៅក្នុងគ.ស១០២៥។ ក្នុងពិធីសម្ពោធនោះ ព្រះរាជាទ្រង់បានប្រទាននូវធនធានជា ប្រដាប់ប្រើប្រាស់មានពួកពលព្រះ ២៩នាក់ ដីស្រែនៅជុំវិញបា្រសាទ និងស្រះទឹកទាំងអស់ព្រមទាំងទីលានធំៗសម្រាប់ប្រកបពិធី ឬ ជាគ្រឿងលំអរទុកជាទ្រព្យផ្ទាល់នៃព្រះគុហារនេះផង។ មិនតែប៉ុណ្ណោះព្រះអង្គបានព្រះរាជទាននាម ទីកន្លែងនេះថា លក្សិន្រ្ទបថ ដោយនិយមតាមនាមបណ្ឌិតជាអ្នកកសាង។
លុះចំណេរក្រោយមកទៀត ដោយសារការផ្លាស់ប្តូរនៃរបត់ប្រវត្តិសាស្រ្តកន្លែងនេះបាន ក្លាយ ទៅជាកន្លែងសម្រាប់បូជាខាងសាសនា ដោយសារតែពីរជ្ជកាលស្តេចមួយអង្គទៅមួយអង្គទ្រង់កាន់ សាសនាផ្សេងៗគ្នា។ ព្រះមហាក្សត្រអង្គខ្លះកាន់ព្រាហ្មសាសនា ព្រះមហាក្សត្រអង្គខ្លះទៀត កាន់ព្រះពុទ្ធសាសនាហិនយាន និងអង្គខ្លះទៀតកាន់ពុទ្ធសាសនាមហាយាន ទើបនៅតំបន់ប្រាសាទ ព្រះធាតុទឹកឆានេះមានប្រាសាទតូៗរហូតដល់៥៥១ប្រាសាទ ដែលមានទាំងពុទ្ធសាសនា និងព្រាហ្ម សាសនាផង ព្រមទាំងប្រាសាទសម្រាប់តំកល់រូបសំណាកវិរៈបុរសដែលបានបូជា សាច់ឈាម ជូនជាតិទៀតផង។
សង្គ្រាមបានបំផ្លាញអ្វីៗទាំងអស់ ធ្វើឲ្យប្រាសាទមួយចំនួនត្រូវបានបាក់បែកខ្ទេចខ្ទី ប្រាសាទ ខ្លះត្រូវបានបាត់បង់ឈ្មោះ រូបរាង និងឈ្មោះទៀតផង។
បច្ចុប្បន្ននេះ ដោយមានការចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយ និងព្រះសង្ឃក្នុងវត្តបានខិតខំស្រាវ ជ្រាវរកទីកន្លែងឈ្មោះ និងទីកន្លែងគ្រឹះប្រាសាទចាស់ដើម្បីកសាងប្រាសាទនោះវិញ។ ប្រាសាទដែល មានពុទ្ធបរិស័ទកសាងនោះធ្វើឡើងពីឈើប្រក់ក្បឿង ខ្លះទៀតធ្វើពីបេតុងតាមកន្លែងដែលធ្លាប់មាន តាំងពីដើមមក។

ប្រាសាទព្រះធាតុទឹកឆាមើលពីចំហៀង

ប្រាសាទព្រះធាតុទឹកឆា

សរសរពេជ្រ
ផ្តែរប្រាសាទ

ទ្វាបញ្ជោត

កំពែងព័ទ្ធជុំវិញប្រាសាទ

គ្រឹះ និងទ្វាប្រាសាទដែលបាកបែក

សិលាចារឹកដែលសេសសល់

គ្រឹះប្រាសាទដែលសេសសល់

សរសរពេជ្រដែលកប់ក្នុងដី និងសេសសល់

សិលាចារឹកដែលសេសសល់នៅលើទ្វាប្រាសាទ

ទ្វាកំពែងចូលប្រាសាទ

ប្រាសាទនៅព្រះធាតុទឹកឆាដែលបាក់បែក

ចម្លាក់តោដែលបាក់បែក

ប្រាសាទសេសសល់





ប្រាសាទនគរបាជ័យ

            ប្រាសាទនគរបាជ័យគឺជាប្រភេទរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្រ្តដែលស្ថិតនៅចម្ងាយ២.២គ.ម ពីទីរួមខេត្តកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ៧។ ពីភ្នំពេញទៅរមណីដ្ឋាននេះមានចម្ងាយ ១២២គ.ម ហើយបត់ឆ្វេងដៃ២០០មទៀត។ រថយន្តគ្រប់ប្រភេទអាចចូលទៅដល់ទីតាំងប្រាសាទតែ ម្តង។ ប្រាសាទនគរបាជ័យចែកចេញជា៖
            ទន្លេអុំៈ ទន្លេអុំស្ថិតនៅខាងកើតនៃប្រាសាទមានទំហំ ៤០០មx៥០០ម ដែលមានចម្ងាយ ប្រមាណ៣០០មពីប្រាសាទ។
            ថែវទីមួយៈ ថែវទីមួយមានទំហំ៤២១មx៣៧១ម ដែលរៀបចំ និងកសាងឡើងពីថ្មបាយក្រៀម មានកំពស់២,៩ម និងកម្រាស់២,៤ម។ ទទឹងច្រកចូលមានប្រវែង២ម ប៉ុន្តែបច្ចុប្បន្នថែវនេះបាក់បែក អស់មួយចំនួនធំហើយ។ នៅក្នុងបរិវេណនៃថែវទីមួយមានតោចំនួន៦ ស្ថិតនៅមាត់ច្រកចូល នៅថែវ ទីពីរមាននាគ៨ ដែលស្ថិតនៅពីក្រោយតោទាំង៦ និងមានអសុរា២ ឈរនៅអមច្រកចូលសងខាង។
            ថែវទីពីរៈ ថែវទីពីររួមមាន រូបសំណាក់តេជោដំឌិនចំនួន២ រូបអសុរាចំនួន២ ដែលមានកំពស់ ១,៦០ម និងមានស្រះទឹកពីរ ដែលមានទំហំ២០មx២០ម ទឹកស្រះទាំងពីរនេះមិនរីងទេ នៅរដូវប្រាំង ព្រមទាំងមានដើមឈូកដុះអមផង។
            ថែវទីបីៈ ថែវទីបីកម្រាស់ក្រាស់ជាងថែវទី១ និងទី២ ហើយថែវទី៣នេះមានច្រកចេញ ចូល នៅចំកណ្តាលទាំង៤ទិស។ នៅក្នុងថែវទី៣ រួមមាននៅចំពីមុខច្រកចូល មានរូបព្រះនរាយណ៍ដៃ៨ និង នៅផ្នែកខាងឆ្វេងដៃមានរូបព្រះនរាយណ៍ដៃ៤។
          ថែវទីបួនៈ នៅថែវទីបួននេះរៀបចំដោយថ្មបាយក្រៀមរៀបចំដាច់ៗពីគ្នាជាបន្ទប់ៗ ហើយថែវ ទីបួននេះមានលក្ខណៈខុសប្លែកពីថែវទី១ ទី២ និងទី៣ ព្រោះគេសង្កេតឃើញាមានប្រាសាទ ទម្រង់ ជាចេតិយមួយ មានកំពូលខ្ពស់នៅ ចំកណ្តាលបែរមុខទៅបួនទិស ហើយសាងសង់អំពីថ្មភក់ ដែលមាន ព្រះពុទ្ធរូបគង់ព្រះភ្នែនបែរចេញទៅរកទិសទាំងបួនផងដែរគឺ កើត លិច ជើង ត្បូង។   នៅខាងក្នុង ប្រាសាទចេតិយនេះគេក៏សង្កេតឃើញ ស្តូបតូចមួយដែលទំនងសម្រាប់តម្កល់នូវអដិ្ឋធាតុបុគ្គលណា ម្នាក់នៅក្នុងនោះ។  ប្រាសាទ ​នេះ​ស្ថាបនា​ដោយ​ព្រះមហាវីរក្សតជ័យវរ្ម័នទី៧ ​ នាសតវត្សទី១៣ តាម​លំនាំ​រចនាបថ​បាយ័ន។ នៅ​ក្នុង​បរិវេណ​ប្រាសាទ​ មាន​សសរ​ពេជ្រ​ខ្ពស់ៗ ឈរ​ទប់​ទ្រ​ផ្ដែរ​ប្រាសាទ​យ៉ាង​រឹងមាំ​ រីឯ​ទ្វារ​ទាំង​បួន​ទិស​របស់​ប្រាសាទ​ដែល​អម​ដោយ​ជញ្ជាំង​ទាំងឡាយ​ក៏​នៅ​រឹង ​មាំ​ល្អ​គ្មាន​ការ​រង្គោះរង្គើ​ឡើយ។ ​ទស្សនវិស័យ​ដើម​នៃ​សំណង់​ប្រាសាទ​នេះ​​ គឺ​ឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា និង​ព្រហ្មញ្ញសាសនា រហូត​មក​ដល់​បច្ចុប្បន្ន​ស្ថានភាព​ប្រាសាទ​នេះ​គឺ​នៅ​រឹងមាំ​ល្អ​ណាស់​ សម្រាប់​ការ​ទស្សនា​កម្សាន្ត ​ហើយ​ក៏​បន្សល់​ទុក​នូវ​ផ្ទាំង​សិលា​ចារិក​ ក៏​ដូច​ជា​ចម្លាក់​នានា​ស្ថិត​នៅ​ក្នុង​លំនាំដើម​ទាំងអស់។ ចំណែក​សំណង់​ព្រះវិហារ​ព្រះពុទ្ធសាសនា​ ដែល​ស្ថាបនា​ក្រោយ​សម័យ​អង្គរ​នោះ​ក៏​ស្ថិត​នៅ​ល្អ​តាម​លំនាំ​ស្ថាបត្យកម្ម​ ដើម​ផង​ដែរ។     ប្រាសាទនេះ​មានរឿង​ព្រេង​មួយដ៏គួរ​ឲ្យចាប់អារម្មណ៏ ហើយ​មាន​ចេតិយ​និង​តូប​អ្នកតា​សម្គាល់ជាភស្តុតាងទៀតផង។ រឿងនេះសង្ខេប​ដោយ​ខ្លី​គឺ មាន​ពីរនាក់​ប្តី​ប្រពន្ធមានកូន​ប្រុស​មួយ​ ពេល​យកទៅ​មុជ​ទឹកនៅ​ទន្លេ​មិន​ប្រយ័ត្នក៏​របូត​ដៃ​ធ្លាក់​កូនចូល​ទៅក្នុង​ ទឹក​ ប៉ុន្តែស្រាប់តែមាន​ត្រី​ធំ​មួយ​ពាំ​យក​ទារកនោះទៅ។ ត្រី​នោះត្រូវ​បាន​អ្នក​នេសាទ​ចិន​ចាប់​បាន​ហើយ​យក​ទៅថ្វាយ​ស្តេចព្រោះ​ឃើញ​ ត្រី​នោះ​ធំ​ចម្លែក ពេល​វះ​ពោះ​ត្រី​នោះ​ក៏​ត្រលប់​ជា​ឃើញទារក​នោះនៅ​មាន​ជីវិត​ ស្តេច​ចិន​ក៏យក​ទុក​ជា​កូន​ចញ្ចឹម។ កុមារនោះ​លុះ​ធំ​មាន​តម្រេះ​ខ្ពស់និង​រូប​សម្បត្តិ​ល្អ ក៏​សួរ​ស្តេច​ពី​ប្រវត្តិ​ដើមរប​ស់​ខ្លួន​ លុះ​ដឹង​រឿង​ហេតុ​អស់ហើយ​ក៏សុំ​ឪ​ពុក​ចិញ្ចឹម​មក​តាម​រកឪពុក​ម្តាយ​បង្កើតនៅ ​ស្រុកខ្មែរវិញ។ លុះ​មកដល់​ក៏​ទៅសុំសំណាក់​និង​ម្តាយ​បង្កើត​ខ្លួន យូរៗទៅ​ដោយ​ពុំ​បាន​ដឹង​ក៏​បាន​រួមរស់ជា​មួយ​ម្តាយ​ខ្លួនឯង។ តកាល​ក្រោយ​មកពេល​ដែលចៅ​ព្រហ្ម(នាម​កុមារនោះ)ដឹង​រឿង​ហេតុ​ក៏​​សំពះសុំ​ ខមាទោស​ពី​ម្តាយ ឯម្តាយ​ក៏​បង្គាប់ថា​ឲ្យ​ធ្វើចេតិយ​មួយ​ពេល​ម្តាយ​ស្លាប់ ហើយ​ឲ្យ​សង់ជា​រូបកូន​សំពះចេតិយ​ម្តាយ​ពេល​កូន​ស្លាប់ទៅដែរឲ្យ​បាន​គ្រប់ ៥០០០ឆ្នាំ ទើប​រួចពី​កម្មពាវេរា ទាំងនោះ។ ចៅ​ព្រហ្មដោយ​មានចំនេះខ្ពង់ខ្ពស់​ក៏​បាន​ឡើង​ធ្វើជា​គ្រូ​អាចារ្យ​នៅ​ ភូមិស្រុកនោះទៅ​ ហើយ​បាន​បញ្ជា​រឲ្យ​សិស្សគណ​សាងសង​តាម​បញ្ជារ​របស់​ម្តាយ​លោក។ ដល់ពេល​លោកស្លាប់​ទៅ​សិស្សគណ​ក៏​សាង​សង់រូបលោកសំពះទៅកាន់ចេតិយនោះទៅ ហើយ​ឈ្មោះ​លោក​ក៏​បាន​ត្រូវ​គេ​ហៅថា​ តាព្រហ្មៗវិញ ឯម្តាយលោកគេហៅថា យាយពៅៗ រហូតដល់សព្វថ្ងៃ។ សព្វថ្ងៃនេះ​នៅ​ក្នុង​កំពែង​ជាន់ទី២​មានវិហារស៊ី​ម៉ង់​មួយ​ដែល​គេ​ហៅថា​ វិហារ​យាយពៅ ឯវិហារតា​ព្រហ្មគឺស្ថិតនៅ​ឯកំពែងជាន់ទីមួយមានលក្ខណៈ​តាមបែប​ចិនលាយនិង​ ខ្មែរផងដែរ។ ឯ​ចេតិយ​​នៅ​ក្នុងរូប​នេះគឺជា​តេចិយ​ដែលអ្នកស្រុក​ជឿថា​ជា​ចេតិយយាយពៅ​ នេះឯង។


ផ្លូវចូល និងរូបអសុរនៅសងខាង

រូបអសុរ


រូបតេជោដំឌិន

ស្រះបុរាណ

វិហារយាយពៅ

ព្រះពុទ្ធរូប និងសិលាចារឹកក្នុងវិហារយាយពៅ

ចេតិយ

ផ្តែរប្រាសាទ ហោជាត សរសពេជ្រ និងព្រះពុទ្ធរូប

ស្តូបក្នុងប្រាសាទចេតិយ


ទិដ្ឋភាពទូទៅ

ទិដ្ឋភាពប្រាសាទ បន្ទាប់ពីភ្លៀងធំ

សិលាចារឹកក្នុងវិហារ

ប្រាសាទព្រៃនគរក្នុង ក្រៅ

            ប្រាសាទព្រៃនគរក្នុង ក្រៅជាបុរាណដ្ឋានមួយដែលស្ថិតនៅទិសអាគ្នេយ៍នៃខេត្តកំពង់ចាម ក្នុង ភូមិព្រៃនគរ ឃុំដូនតី ស្រុកពញាក្រែក មានចម្ងាយ៤២គ.ម ពីទីរួមខេត្តកំពង់ចាមតាមផ្លូវជាតិលេខ៧ ហើយបត់ស្តាំតាមផ្លូវលំ ត្រង់ម្តុំភូមិដំណាក់ចារ។ រមណីដ្ឋាននេះមានផ្លូវលំ៥ ដែលជាទីប្រជុំជន ឃុំដូនតីៈ ច្រកផ្លូវទីប្រជុំជនខ្នារមានចម្ងាយ៦គ.ម ច្រកផ្លូវព្រះធាតុមានចម្ងាយ៥គ.ម ច្រកផ្លូវកណ្តុរជុំ មានចម្ងាយ៥គ.ម ច្រកផ្លូវដំណាក់ចារមានចម្ងាយ១០គ.ម ច្រកផ្លូវព្រៃនគរក្នុងមានចម្ងាយ៥.៣គ.ម។
            បុរាណដ្ឋានេះជាកន្លែងសម្រាប់ពុទ្ធបរិស័ទ ភ្ញៀវទេសចរគោរពបូជា និងជួបជុំលេងល្បែងនានា ពេលបុណ្យទានម្តងៗ។ ប្រាសាទនេះមានទ្រង់ទ្រាយដូចប្រាសាទសំបូរព្រៃគុកដែរ បានកសាងឡើង នៅស.វទី៩ នៃគ.ស។ យ៉ាងណាមិញនៅស.វទី១៦ ស្តេចកនបានភៀសខ្លួនពីការចង់ធ្វើឃាតរបស់ ស្តេចស្រីសុគន្ធបទ ហើយបានកេណ្ឌទ័ពនៅទីនេះប្រឆាំងរហូតទទួលបានជ័យជំនះ។
ប្រាសាទព្រៃនគរក្នុង ក្រៅមានផ្ទៃដី​ ២៥០០ម៉ែត្រការេ ដែលក្នុងនោះមាន៖
១.ប្រាសាទធំ
            ប្រាសាទធំមានទីតាំងលើទួលខ្ពស់នៃខឿនវិហារសព្វថ្ងៃ ដែលមានប្រាសាទបីសាងសង់ឡើង ពីឥដ្ឋតាន់ក្រហម។ ប៉ុន្តែប្រាសាទធំខាងឆ្វេងត្រូវបានរលំបាត់រូបរាងអស់ទៅហើយ នៅសល់តែដីទទេ តែប្រាសាទពីរទៀតនៅល្អ ដែលក្នុងប្រាសាទនោះនៅមានសល់រូបបដិមាករ និងវត្ថុបុរាណបាក់បែក ខ្លះដែលទាក់ទងនឹងព្រហ្មញ្ញសាសនា។ ប្រជាពលរដ្ឋនៅតំបន់នោះគេជឿថា ប្រាសាទនេះមានវត្ថុ ស័ក្តិសិទ្ធិនៅថែរក្សា។ ចំពោះអ្នកទេសចរដែលចង់ថតរូប ប្រាសាទដែលនៅសល់ទាំងពីរ បើគ្មាន ការអុជធូបបន់ស្រន់សុំទេនោះ គឺមិនអាចថតរូបជាប់នោះឡើយ។
២.ប្រាសាទព្រះធាតុ
            ប្រាសាទព្រះធាតុស្ថិតនៅខាងកើតនៃប្រាសាទធំ មានទាំងអស់៦ប្រាសាទ តែត្រូវរលំបាក់បែក ដោយសារសង្គ្រាម។ បច្ចុប្បន្ននៅសល់ប្រាសាទមួយ ប៉ុន្តែត្រូវទ្រុឌទ្រោមស្ទើរតែរលំដោយសារក្រុម ចោរលួចជីករកកំណប់។ ស្ថិតនៅប៉ែកខាងជើងឈាងខាងកើតប្រាសាទធំ មានស្រះមួយសាងសង់ ក្នុងសម័យនោះហៅថា ត្រពាំងព្រះធាតុ។
៣.កោះអណ្តែត កោះប្រាក់
            កោះអណ្តែត កោះប្រាក់ ស្ថិតនៅខាងជើងភូមិនេះ មានបណ្តោយ៣០ម និងទទឹង២០ម ឬហៅម្យ៉ាងទៀតថា ស្រះទឹម។
៤.ទំនប់ ឬកំពែងព័ទ្ធជុំវិញ
            ទំនប់ ឬកំពែងព័ទ្ធជុំវិញស្ថិតនៅជុំវិញទីក្រុងស្រឡប់ដូនតីពិជ័យព្រៃនគរ ដែលមានដាំដើម ឬស្សីព្រៃញឹកស្អេកចូលមិនចុះ។ តំបន់នោះមានកំពស់ ១០ម(ពេលសាងសង់) បច្ចុប្បន្នកំពស់ ១.២០ម ជើងទំនប់ប្រមាណ១៥ម(ពេលសាងសង់) បច្ចុប្បន្នសល់ ៣ម និងមានប្រវែង ២៥០០ម បួនជ្រុង។ ទំនប់នេះត្រូវបានខូចខាតដោយកន្លែង។


ព្រះវិហារ និងប្រាសាទធំមើលពីចម្ងាយ

ព្រះវិហារ និងប្រាង្គទាំង២នៃប្រាសាទធំ

ប្រាសាទធំប៉ែកខាងឆ្វេង មើលពីចំហៀង

ប្រាសាទធំ ប៉ែកខាងឆ្វេង

ចង្អូរបង្ហូរទឹកនៃប្រាសាទធំ ប៉ែកខាងឆ្វេង

ប្រាសាទធំ និងទ្វាបញ្ជោត

ប្រាសាទធំ ប៉ែកខាងស្តាំ

សម្ភារៈប្រាសាទសេសសល់នៅក្នុងវត្ត

ប្រាសាទព្រះធាតុ ដែលបាក់ទ្រុឌទ្រោម

ប្រាសាទព្រះធាតុ មើលពីចំហៀង




ប្រាសាទភ្នំជើងព្រៃ

            ភ្នំជើងព្រៃដែលមានប្រវត្តិពីយូរលង់ណាស់មកហើយនោះ ឥឡូវនេះបានក្លាយទៅជា រមណីដ្ឋានមួយដ៏សែនមនោរម្យសម្រាប់ បបោសអង្អែលអារម្មណ៍ភ្ញៀវទេសចរ។ អាស្រ័យដោយ លក្ខណៈភូមិសាស្រ្តអំណោយផល ភ្នំជើងព្រៃស្ថិតនៅចម្ងាយប្រមាណតែ២គ.ម ប៉ុណ្ណោះពីផ្លូវជាតិ លេខ៧ ជាប្រភេទផ្លូវគ្រួសក្រហម និង៥៦គ.ម ពីទីរួមខេត្តកំពង់ចាមស្ថិតនៅក្នុងភូមិរវៀង ឃុំរវៀង ស្រុកជើងព្រៃ។
            ប្រសិនបើគេចង់ទៅទីនោះ អ្នកទេសចរទាំងឡាយអាចធ្វើដំណើរតាមរយៈរថយន្តធុនតូច ដោយប្រើរយៈពេលតែមួយម៉ោងប៉ុណ្ណោះពីក្រុងកំពង់ចាម។ ស្ទើរតែគ្រប់គ្នា អ្នកដែលបានទៅដល់ ភ្នំជើងព្រៃគេមានជំនឿថាភ្នំនេះមានវត្ថុសក្តិសិទ្ធិ និងទេសភាពដ៏ត្រកាល។ ប៉ុន្តែចំពោះអ្នកស្រុកនៅ តំបន់នោះពួកគេមានជំនឿស៊ប់គោរពបូជាដោយការបន់ស្រន់ ហើយនិងធ្វើពិធីលាបំណន់ជាញឹក ញាប់។ ទោះបើមានការប្រកាន់ជាប់នូវជំនឿដូច្នេះដ៏ដោយ ក៏បច្ចុប្បន្នភ្នំជើងព្រៃនៅតែជារមណីដ្ឋាន ទេសចរណ៍មួយដែលប្រជាពលរដ្ឋគ្រប់ស្រទាប់តែងទៅកំសាន្តសប្បាយ ពេលមានពិធីបុណ្យទានធំៗ ដូចជាបុណ្យចូលឆ្នាំប្រពៃណីជាតិយើងជាដើម។
            តាមប្រសាសន៍លោកអ៊ុច អ៊ីម ប្រធានការិយាល័យវប្បធម៌ស្រុកជើងព្រៃបានឲ្យដឹងថា សព្វថ្ងៃនេះ ភ្នំជើងព្រៃបានក្លាយទៅជារមណីដ្ឋានមួយដ៏សែនមនោរម្យព្រោះមានខ្យល់អាកាសល្អ បរិសុទ្ធ។ លោកបានបន្ថែមទៀតថា តាមការឲ្យដឹងពីចាស់ៗជំនាន់មុន អ្នកដែលចង់ឡើងភ្នំជើងព្រៃ នេះ ពួកគេត្រូវសួរឡើងតាមវល្លិ៍ដែលដុះវារព័ទ្ធជុំវិញភ្នំ។ លុះអំណឹះតមក ពោលគឺនៅឆ្នាំ១៩៩៣ ភ្នំនេះ ក៏បានទទួលការរៀបចំកែលំអរជាថ្មីឡើងវិញ គិតរហូតមកដល់សព្វថ្ងៃអស់ទឹកប្រាក់ប្រមាណជី១០០ លានរៀល។
            លោកមឿន មេតអាយុ៤០ឆ្នាំ អ្នកមើលថែរក្សាភ្នំ និងជាគ្រូទស្សន៍ទាយ និងព្យាបាលជម្ងឺដែល ល្បីថាឆុតឆាបនោះបានឲ្យដឹងថា តាមការកត់សម្គាល់អ្នកដែលមកដល់ភ្នំនេះ ភាគច្រើនពួកគេច្រើន មកពីភ្នំពេញ ហើយមានតែមួយចំនួនប៉ុណ្ណោះដែលមកពីទីរួមខេត្តកំពង់ចាម និងស្រុកក្បែរៗ។ ភាគច្រើននៃអ្នកទាំងនេះមកដើម្បីស្វះស្វែងមើលជម្ងឺ ហើយនិងធ្វើការបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិ ជាច្រើនដូចតាក្រហមកជាដើម។
            តាមការស្រាវជ្រាវប្រវត្តិភ្នំជើងព្រៃនេះ អ្នកស្រុកមួយចំនួនបានតំណាលតៗគ្នាថា ភ្នំនេះចែក ចេញជាពីរដាច់ពីគ្នា។ មួយស្ថិតនៅទិសខាងកើតហៅថាភ្នំស្រី ឬភ្នំធំ រីឯខាងលិចហៅថាភ្នំប្រុស ឬភ្នំព្រះបាទ។
នៅលើភ្នំស្រីមានប្រាសាទបុរាណធ្វើអំពីថ្មបាយក្រៀម ដែលគេគ្រប់គ្នាដឹងថាជាប្រាសាទភ្នំ ជើងព្រៃ កសាងក្នុងស.វទី១២ ប៉ុន្តែបច្ចុប្បន្នត្រូវបានបំផ្លិចបំផ្លាញបាក់បែកនៅសល់ប្រហែល៣០%។  តាមរយៈចម្លាក់នៅលើផ្តែរ ប្រាសាទភ្នំជើងព្រៃនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានទ្វាចូលចំនួនពីរ គឺខាងលិច និងខាងខាងកើត។ ប្រាសាទនេះពុំមានទ្វារបញ្ឆោទនោះ ទេ តែមានបង្អួចពីរនៅសងខាងទ្វារចូលខាងកើត។ នៅខាងមុខទ្វារចូលខាងកើតយើងឃើញមាន ជញ្ជាំងឥដ្ឋបែបជាសរសរអមសងខាង ទំនងជាសាងសង់សម័យក្រោយមកទេ?។ តាមការប៉ាន់ស្មាន របស់ខ្ញុំបាទគិតថា ប្រាសាទភ្នំជើងព្រៃនេះមានលក្ខណៈជាប្រាសាទមានរោងដូចដែលឃើញនាពេល បច្ចុប្បន្ននេះ តែរោងនោះទំនងជាសាងសង់ពីថ្មបាយក្រៀមដូចជាប្រាសាទ និងមានខ្លោងទ្វារ ប្រកបដោយដោយសរសរពេជ្រ និងផ្តែរចូលដ៏ស្រស់ស្អាត នេះបើតាមការសង្កេតឃើញមានសរសរ និងផ្តែរនៅសេសសល់នៅលើនោះ។ ទោះបីជាប្រាសាទនេះឧទ្ទិសដល់ព្រហ្មញ្ញសាសនាក៏ពិតមែន ក៏ប៉ុន្តែបច្ចុប្បន្ននេះ ក្នុងប្រាសាទមានដំកល់នូវព្រះពុទ្ធរូបជាទីគោរពសក្ការៈ របស់ពុទ្ធបរិស័ទ្ធគ្រប់ទិសទី ដែលមកកាន់ទីដ្ឋានដ៏ពិសិទ្ធនេះ។ នៅលើភ្នំស្រីនេះ ពីខាងមុខមានដានជើងមនុស្សលើផែនថ្ម អ្នកស្រុកហៅថា ដានជើងតាព្រេង។ ចំណែកត្រង់ទិសឥសានមានដីរាបស្មើរធេង គេហៅថាកន្លែង ឃុនឆាង។ ទិសបច្ចឹមគុកគុហា មានរន្ធថ្មមួយប៉ុនប្រាក់រៀល គេហៅថារន្ធឡូតាព្រេង។ ម៉្យាងវិញទៀត ជុំវិញបរិវេណភ្នំនោះមានកំពែងធ្វើដោយថ្មបាយក្រៀមដែលមួយដុំៗមានទំហំ ៤មx៦ម។ តាមចាស់ បុរាណ កំពែងថ្មនេះលោកថាមានដល់ទៅ៧ជាន់ ដែលជាស្នាដៃបុព្វបុរសយើងកសាង។ សព្វថ្ងៃនេះ កំពែងបែកបាក់អស់នៅសល់តែដុំៗតែប៉ុណ្ណោះ។
ភ្នំស្រី ឬភ្នំធំនេះមានជណ្តើរឡើង៣ ពីទិសខាងជើង ខាងត្បូង និងខាងកើត ដែលមាន កំពស់ ប្រមាណ៤០ម។ ចំណែកខាងភ្នំប្រុស ឬភ្នំព្រះបាទមានកំពស់៣០ម រថយន្តអាចឡើងដល់កំពូល ភ្នំបាន មូលហេតុដែលគេហៅថាភ្នំព្រះបាទគឺដោយសារមានពុទ្ធបាទដែលបានបន្សល់ដល់បច្ចុប្បន្ន នេះ។ គួរឲ្យឆ្ងល់ណាស់ថា នៅលើភ្នំស្រីមានប្រាសាទបុរាណដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា ប៉ុន្តែ នៅលើភ្នំស្រីបែរជាមានពុទ្ធបាទតាំងពីបុរាណបានបន្សល់នៅលើភ្នំប្រុសនោះទៅវិញ ម៉្យាងវិញទៀត គេសង្កេតឃើញថាមានផ្តែរប្រាសាទនៅលើភ្នំប្រុសនោះផងដែរ ដូច្នេះមានន័យថា នៅលើភ្នំប្រុស ក៏ មានប្រាសាទមួយផងដែរ។ តាមការសន្និដ្ឋានរបស់ខ្ញុំបាទគិតថា ប្រាសាទនៅលើភ្នំប្រុសនោះក៏ទំនង ជាសាងសង់ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាផងដែរ តែដោយសារការបាក់បែកខ្ទេចខ្ទាំ រឺដោយសារ វិវាទសាសនា?   ធ្វើឲ្យពុទ្ធបរិស័ទកសាងព្រះវិហារនៅលើភ្នំនោះវិញ ហើយកសាងពុទ្ធបាទជាទីគោរព បូជា។ យ៉ាងណាមិញពុទ្ធបាទនោះមិនមែនទើបតែកសាងនោះទេ តែប្រហែលជាកសាងនៅក្នុងសម័យ អង្គរ រឺក្រោយអង្គរមកម្លេះ(សម័យលង្វែក?)។ ដោយសារការខ្វះខាតនូវចំណេះដឹង និងឯកសារ ធ្វើឲ្យការសន្និដ្ឋានរបស់ខ្ញុំបាទពុំប្រាកដថាត្រឹមត្រូវនោះឡើយ ប្រសិនមានឳកាស ឬមានអ្នកស្រាវជ្រាវ ណា បានស្វែងរកឬសគល់ នៃប្រាសាទនេះ ប្រាកដជាល្អជាក់ជាពុំខាន ត្បិតសមត្ថភាពរបស់ខ្ញុំបាទ នៅមានកម្រិតនៅឡើយ។ ក្នុងនោះដែរ រវាតភ្នំទាំងពីរនេះ មានចម្ងាយពីគ្នា៥០០ម។ ឧបាសក ឧបាសិកាដែលមានជំនឿមុតមាំលើផ្លូវព្រះពុទ្ធសាសនា តែងតែនាំយកទឹកទៅចាក់ត្រង់ស្នាមព្រះបាទ នៅលើផ្ទាំងសិលាធំ លុះទឹកនោះហូរហៀរមកវិញ គេយកផ្តិល ឬចានត្រង់យកទៅផ្ទះទុកផ្ញើរកូនចៅ គ្រាន់បានលុបមុខ និងទទួលទាន។
គេបាននិយាយថា កាលដើមឡើយមនុស្សស្រីនិងប្រុសបានភ្នាល់គ្នាលើកភ្នំនេះ ដូចរឿង ភ្នំប្រុស ភ្នំស្រីនៅកំពង់សៀមដែរ ប្លែកតែខាងភ្នំជើងព្រៃនេះរណ្តៅដីនៅភ្នំស្រី ដែលស្រីៗជីកយកមក ធ្វើភ្នំ ក្លាយទៅជាស្រះធំមួយ មានទឹកខួបប្រាំងខួបវស្សា ហៅថាស្រះទឹកព្រះ។ រីឯរណ្តៅនៅជិតភ្នំប្រុស ដែលខាងប្រុសជីកយកដីមកធ្វើជាភ្នំក្លាយទៅជាស្រះធំមួយដែរ ប៉ុន្តែគ្មានទឹកខួបប្រាំងខួបវស្សាឡើយ ហើយគេឲ្យឈ្មោះថាស្រះកំពែងស្ងួត។
សព្វថ្ងៃនេះស្រះទឹកព្រះនៅល្អដូចដើម និងមានទឹកថ្លាឆ្វេងជាទីអាស្រ័យនៃពួកមច្ឆាជាតិ និង មានផ្កាឈូកដុះរីកស្គុះស្គាយដេរដាស ប្រៀបបាននឹងបឹងតូចមួយគួរជាទីគយគន់ក្រៃលែង។ រីឯរណ្តៅ ដីដែលប៉ែកខាងបុរស ជីកយកមកធ្វើភ្នំហើយក្លាយទៅជាស្រះមួយធំ ឈ្មោះកំពែងស្ងួតនោះ មានទំហំ ប្រមាណ១០០ម បួនជ្រុងស្មើមិនដែលមានទឹកទេ ទោះបីខែវស្សាមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ ដោយ។ គួរឲ្យឆ្ងល់ណាស់ស្រះទាំងពីរនេះស្ថិតនៅឆ្ងាយពីគ្នាមិនដល់១០០ម ផង ម៉េចក៏ស្រះមួយមាន ទឹកមិនចេះរីង ឯស្រះមួយទៀតរីងមិនចេះមានទឹកដូច្នេះ។ ប៉ុន្តែតាមការដំណាលរបស់តាៗ បានឲ្យដឹង ថាការដែលស្រះខាងប្រុសស្ងួតដូច្នេះ ព្រោះត្រូវបណ្តាសារបស់ពួកស្រីៗ។   នៅខាងទិសពាយ័ព្យ ជិតស្រះទឹកព្រះ មានកូនស្រះមួយតូចទំហំ៥០ម បួនជ្រុង ជម្រៅ៤ម គេហៅថាស្រះលាងជើង ព្រោះ មុនពេលឡើងភ្នំ គេតែងទៅលាងជើងនៅស្រះនោះ។ 

ជណ្តើរឡើងភ្នំស្រី ឬភ្នំធំ

ប្រាសាទភ្នំជើងព្រៃមើលពីចំហៀងនាទិសខាងកើត
ប្រាសាទភ្នំជើងព្រៃមើលពីចំហៀង នាទិសខាងលិច

មើលពីទិសខាងលិច
ផ្តែរប្រាសាទ និងសរសរពេជ្រ ទិសខាងលិច

ផ្តែរប្រាសាទដែលធ្លាក់បាក់ចុះ

ផ្តែរប្រាសាទដែលធ្លាក់បាក់ចុះ
ផ្តែរប្រាសាទដែលធ្លាក់បាក់ចុះ

ចម្លាក់ផ្តែរដែលស្ថិតនៅក្នុងប្រាសាទ
បង្អួចប្រាសាទ

ទិដ្ឋភាពក្នុងប្រាសាទ

កំពែងចាស់ និងថ្មីដែលគេទើបសាងសង់

ភ្នំប្រុស ឬភ្នំព្រះបាទ

ផ្តែរប្រាសាទនៅលើភ្នំព្រះបាទ


ផ្តែរនៅមុខព្រះវិហារ លើភ្នំព្រះបាទ

គ្រឹះវិហារ​ចាស់ និងសំណង់វិហារថ្មី

ពុទ្ធបាទនៅក្នុងវិហារ

ស្រះព្រះនៅខែប្រាំង