អត្ថន័យប្រាសាទខ្មែរ


គេតែងចាត់ទុកថា ប្រាសាទជាលំនៅរបស់អាទិទេព តែប្រាង្គប្រាសាទដែលជាលំនៅអាទិទេពមានទំហំតូច គឺមានតែពួកព្រាហ្មណ៍បុរោហិត និងពួកថែរក្សាប្រាសាទដែលអាចចូលទៅប្រាង្គប្រាសាទនោះបាន។ គេច្រើននិយម ធ្វើប្រាង្គអាទិទេពនោះជារាងសាជី ហើយគេចាត់ទុកថាជាតំណាងភ្នំព្រះសុមេរុ ដែលជាទេវស្ថានរបស់អាទិទេព ក្នុងព្រាហ្មណ៍សាសនា។ ប្រាសាទនេះស្ថិតនៅចំអ័ក្សនៃប្រាសាទ និងនៅចំកណ្តាលប្រាង្គឯទៀតៗ ដែលជាលំនៅ របស់ទេវៈ រាយរងនិងជាលំនៅរបស់យានជំនិះនៃអាទិទេព។
ប្រាសាទខ្លះទៀតត្រូវគេសន្និដ្ឋានថា ជាបណ្ណាល័យ ប៉ុន្តែអ្នកខ្លះបានអះអាងថា ជាកន្លែងដែលគេទុកដាក់ ប្រដាប់ប្រដាសំខាន់ៗ រៀបចំពិធីទៅវិញ។
មតិខ្លះបានយល់ច្រឡំថា ប្រាសាទដែលបុព្វបុរសយើងបានកសាងទុកមក គឺសម្រាប់ជាលំនៅស្ថាន(រាជវាំង) របស់ព្រះមហាក្សត្រ។ តាមការពិត ប្រាសាទបុរាណខ្មែរទាំងឡាយទោះជា ប្រាសាទភ្នំក្តី ប្រាសាទសង់លើដីរាបស្មើរ ក្តី គឺសាងសង់​ ឡើងសម្រាប់៖
១.ឧទ្ទិសថ្វាយព្រះអាទិទេព រឺទេវៈផ្សេងៗ ក្នុងសាសនាព្រាហ្មណ៍ ដូចជាព្រះឥសូរ ព្រះនរាយណ៍ជាដើម។
           ២.ឧទ្ទិសថ្វាយពោធិសត្វ ក្នុងព្រះពុទ្ធសាសនា ដូចជាលោកេស្វរៈ(ព្រះពោធិសត្វ ខាងពុទ្ធសាសនា មហាយាន)។
៣.ឧទ្ទិសថ្វាយទេវរាជ (តំកល់លិង្គព្រះឥសូរក្នុងប្រាសាទជាតំណាងព្រះរាជា)។
៤.ឧទ្ទិសថ្វាយបុព្វបុរសព្រះរាជា មានមាតាបិតា និងវីរជនជាដើម។